Thursday, November 10, 2022

MY FEELING!

   

បន្ទាប់ពីការឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក (Water Festival) អស់រយេះពេល៣ថ្ងៃ​កន្លងទៅថ្មីៗ កម្ពុជាក៏មានព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តមួយទៀតគឺកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ហើយក៏ជាឆ្នាំដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ​ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះក៏មានប្រមុខ​រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន (ASEAN) បានអញ្ជើញ​ចូលរួម លើកលែងប្រទេសភូមា មិនបានចូលរួម។ ជាងនេះទៅទៀត​ លោកប្រធានាធិបតីអាមេរិក ក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ​ផងដែរ។​ យោងតាមព័ត៌មានបានបង្ហោះនៅលើបណ្តាញសង្គញមបានគូសបញ្ជាក់ច្បាស់ថាៈ រាជរដ្ឋាភិបាលកម្ពុជាក៏បានអញ្ជើញ​លោកប្រធានាធិបតីរុស្ស៊ីដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ក៏ប៉ុន្តែ​មិន​ទាន់មានព័ត៌មានច្បាស់ការណាមួយបញ្ជាក់ថា​ លោក ពូ ទីន ប្រធានាធិបតីរុស្ស៊ី និងមានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះយ៉ាងណានោះទេ។​ 

ងាកមកនិយាយអំពីរូបខ្ញុំម្តងវិញ គឺខ្ញុំតែងតែទៅលេងផ្ទះនៅខេត្តព្រះសីហនុ ដើម្បីសម្រាកលំហែរកាយ ហើយក៏ជាឱកាសដ៏ល្អបំផុត នៅក្នុងឱកាសបុណ្យអុំទូក ហែរប្រទីប សំពះព្រះខែ អកអំបុក គឺបាន​ឈប់សម្រាក រយ:ពេលយូរ ដោយគិតចាប់ពីថ្ងៃច័ន្ទទី៧ ដល់ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បូកបន្ថែមទាំងថ្ងៃអាទិត្យចំនួន២ថ្ងៃទៀត គឺចំនួន៨ថ្ងៃ នោះក៏ដោយសារតែប្រទេសកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ទើបក្រសួង​អប់រំយុវជន​និងកីឡា បានប្រកាសអនុញ្ញាតឱ្យសិស្សា 
នុសិស្សនៅរាជធានីភ្នំពេញឈប់សម្រាករយេ:ពេល៣ថ្ងៃបន្ថែម ក្នុងគោល​បំណងដើម្បីបញ្ចៀសការកកស្ទះចរាចរនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ នាអំឡុងពេលប្រជុំកំពូលដ៏សំខាន់សម្រាប់ប្រទេសជាតិនេះ។ 

ការឈប់សម្រាកដ៏យូរមិនដែលធ្លាប់មាននេះ ខ្ញុំហាក់ដូចជាមិនដឹងថាទៅណាមកណាទេ។ ថ្ងៃច័ន្ទ ទី៧ ខែ វិច្ឆិកា ឆ្នាំ២០២២ គឺជាថ្ងៃដំបូងនៃពិធីបុណ្យអុំទូក ខ្ញុំក៏បានជិះរថយន្តដឹកភ្ញៀវ របស់ក្រុមហ៊ុន វីរ: ប៊ុនថាន ធ្វើដំណើរនៅតាមដងផ្លូវល្បឿនលឿន ឆ្ពោះទៅផ្ទះនៅខេត្តព្រះសីហនុ ដើម្បីប្រមូលឯកសារាសំខាន់ៗ​មួយ​ចំនួនសម្រាប់ប្រើប្រាស់។​ ក្រោយពីរកឃើញឯកសារដែលត្រូវការជាចាំបាច់រួចមក ខ្ញុំក៏ជិះរថយន្តក្រុង (ក្រុមហ៊ុនសូរិយា) នៅវេលាម៉ោង៣:៣០នាទីរសៀល ដើម្បីធ្វើដំណើរចេញពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញវិញ។ រថយន្តក្រុងបានមកដល់ភ្នំពេញនៅវេលាម៉ោង៩:១៥នាទីយប់។ ព្រឹកឡើងខ្ញុំក៏ចាប់ផ្តើមប្រមូលឯកសារដែលសំខាន់ៗ ដើម្បីរៀបចំសម្រាប់ប្រើប្រាស់បន្ទាប់ពីថ្ងៃឈប់​សម្រាកនាកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់។​

នៅព្រឹកថ្ងៃ​ព្រហស្បត្តិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខ្ញុំបានទៅហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេដែលមានស្លាកយីយោ ប្រោន (Brown Cafe) ដើម្បីទទួលទានកាហ្វេគ្រាន់លំហែអារម្មណ៍អស់រយេះពេលជិត២ម៉ោង ដោយអង្គុយមើលព័ត៌មានជាតិ​និងអន្តរជាតិនៅលើទូរស័ព្ទសាំងសុងបត់ជំនាន់ទី៣របស់ខ្ញុំ។​​ បន្ទាប់មកខ្ញុំក៏ត្រឡប់មកផ្ទះវិញដើម្បីគេងសម្រាកក្រោយពីបានទទួលទានអាហារ​ថ្ងៃត្រង់រួចមក។​ ចម្លែកនៅត្រង់ថាមួយរយ:នេះខ្ញុំហាក់ដូចជាគេងមិនបានស្ងប់ទាល់តែសោះ ទោះបីជាខ្ញុំមាន​ពេលសម្រាកជាច្រើនថ្ងៃក៏ដោយ ប្រហែល​មកពីខ្ញុំជាមនុស្សចូលចិត្តគិតច្រើនតាំងពីនៅវ័យជំទង់ បានន័យថាខ្ញុំបានចាក​ចេញពីផ្ទះស្វែងរកការងារធ្វើតាំងពីខ្ញុំមានអាយុ១៦ឆ្នាំ (មិនទាន់គ្រប់អាយុធ្វើការ)​ តែដើម្បីមានការងាររដ្ឋធ្វើ ខ្ញុំក៏បានតម្លើងអាយុរហូតដល់១៨ឆ្នាំ (នៅឆ្នាំ១៩៨២) គឺចូលបម្រើការងារជាយុទ្ធជននគរបាលនៃស្នងការដ្ឋាននគរបាលក្រុងព្រះសីហនុ (ជំនាន់នោះគឺហៅថា មន្ទីរនគរបាលប្រជាជនក្រុងកំពង់សោម)។ ខ្ញុំនៅចាំថា នៅពេលប្រជុំប្រចាំខែ លោកប្រធាននគរបាលក្រុង​គឺសមមិត្ត ខាំ ហ្វាន់ រីឯអនុប្រធានមន្ទីរ២នាក់ទៀតគឺ សមមិត្ត ឯម ប៊ុនសាត និងសមមិត្ត ចាន់ ស៊ីផុន (ពេលនោះថ្នាក់ដឹកនាំមន្ទីរមានត្រឹមតែ៣នាក់តែប៉ុណ្ណោះ) តែងតែប្រកាស់ចំនួននគរបាលនៅក្នុងទីក្រុង គឺមានតែចំនួន១៨ នាក់ តែប៉ុណ្ណោះ គឺមិនរាប់បញ្ចូលទៅនឹងបុគ្គលិកនគរបាលនៅ​តាមស្រុក-ខណ្ឌនៅឡើយ។ ខ្ញុំបានឈប់បម្រើ​ការងារនៅស្នងការដ្ឋាននគរបាលក្នុងតួនាទីជាអនុប្រធានការិយាល័យនគរបាលចរាចរផ្លូវទឹក​ នៅឆ្នាំ២០១៧។ មូលហេតុដែលខ្ញុំសម្រេចឈប់ពីអង្គភាពរដ្ឋក៏ដោយសារតែខ្ញុំជាប់រវល់ការងារនៅស្ថាប័នឯកជនមួយនៅរាជ​ធានីភ្នំពេញ គឺសាលាប៊ែលធីអន្តរជាតិ។

ខ្ញុំនិងផ្អាកការងារពីសាលាប៊ែលធីអន្តរជាតិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្នុងវ័យ ៥៥ឆ្នាំ តែអត្តសញ្ញាណប័ណ្ណរបស់ខ្ញុំក្នុង វ័យ៥៨ឆ្នាំ ក៏ព្រោះតែមួយរយ:នេះខ្ញុំហាក់ដូចជាឧស្សាហ៍ឈឺ ទើបសម្រេចដាក់ពាក្យ សុំឈប់ដើម្បី​កុំឱ្យប៉ះពាល់ដល់ការងារស្នូលរបស់អង្គភាព។ តែខ្ញុំក៏មានការកង្វល់ខ្លះដែរ នៅពេលដែលខ្ញុំឈប់ពីការងារ​រដ្ឋ ឬការងារឯកជន គឺមិនទទួលបាននូវប្រាក់ សោធននិវត្តន៍ (រដ្ឋក៏អត់ រីឯឯកជនក៏អត់) ទោះបីជាខ្ញុំមានកាតព្វកិច្ចបង់ពន្ធប្រាក់ខែជាប្រចាំ និងមានកាត ប.ស.ស ក្តី តែអាយុរបស់ខ្ញុំមិនទាន់គ្រប់៦០ឆ្នាំនៅឡើយ។ ខ្ញុំបានព្យាយាមទៅអង្គភាព ប.ស.ស ដើម្បីសុំស្ម័គ្រចិត្តបង់ប្រាក់រយៈ២ឆ្នាំទម្រាំដល់ខ្ញុំមានវ័យ៦០ ក្រែងទទួល​បានប័ណ្ណ ប.ស.ស តែបុគ្គលិកទីនោះបានបញ្ជាក់ថា ខ្ញុំមិនអាចបង់បានទេ ព្រោះខ្ញុំបាននិងកំពុងបម្រើការងារ​ឱ្យស្ថានប័នឯកជននៅឡើយ។ ប៉ុន្តែប្រសិនបើស្ថានប័នឯកជននោះ គេបានបង់ប្រាក់សោធននិវត្តន៍ឱ្យខ្ញុំចាប់​ពីខែវិឆ្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ខ្ញុំនិងមានឱកាសស្ម័គ្រចិត្តបង់បន្តរយៈពេល២ឆ្នាំទៀត នោះខ្ញុំនិងទទួលបានទាំងប័ណ្ណ ប.ស.ស និងប្រាក់សោធន៍និវត្តន៍នៅពេលខ្ញុំមានអាយុ៦០ឆ្នាំ។ គិតៗទៅ ខ្ញុំបម្រើ    ជាតិ ចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០១៧ និងបម្រើការងារនៅស្ថាប័នឯកជនអស់រយៈពេល១៦ឆ្នាំ ទីបំផុតខ្ញុំគ្មានទទួលបានអ្វីទាល់តែសោះ​នៅពេលខ្ញុំចូលវ័យចាស់។

អារម្មណ៍មួយនេះ បានធ្វើឱ្យខ្ញុំគិតចុះគិតឡើងមិនអស់ចិត្តទាល់តែសោះ ព្រោះខ្ញុំមិនដឹងចេញទៅច្រកណា ព្រោះលក្ខន្តិកៈរបស់ ប.ស.ស គេបានកំណត់ច្បាស់ថា អ្នកអាចទទួលបានប្រាក់សោធន៍និវត្តន៍ លុះត្រានិយោជក និងនិយោជិក មានកាត្វកិច្ចបង់រយៈពេល១២ខែយ៉ាងតិច រីឯកច្បាប់នេះទើបតែប្រកាសជាផ្លូវការនៅ​ខែតុលា ឆ្នាំ២០២២ប៉ុណ្ណោះ ដូច្នេះអ្វីៗគឺត្រូវបានបញ្ចប់ដោយគ្មានវាចារ។