Sunday, December 22, 2019

លោក ហៀង តុងម៉េង ជន្មាយុ ៧២ឆ្នាំ បានទទួលមរណៈភាពដោយរោគាពាធ

នេះគឺជាលើកដំបូងហើយសម្រាប់គ្រួសាររបស់ប្អូនប្រុសថ្ងៃ និងប្អូនស្រីបង្កើតរបស់ខ្ញុំដែលជួបប្រទៈនូវការបាត់បង់ អ្នកមានគុណឈ្មោះ ហៀង តុងម៉េង មានជន្មាយុ ៧២ឆ្នាំ ត្រូវជាកូនបង្កើតរបស់លោក ម៉េង ថានី និងជាឪពុកក្មេករបស់លោកស្រី គឹម សុភាព ដែលត្រូវជាប្អូនស្រីបង្កើតរបស់ខ្ញុំបាទ បានទទួលមរណៈភាពនៅថ្ងៃ១០រោច ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២១:២៥នាទីយប់។

កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅព្រឹកវេលាម៉ោង១០:៥២នាទី ខ្ញុំបានឃើញសាររបស់ប្អូនស្រីបង្កើតខ្ញុំបានបង្កោះនៅលើគណនេយ្យហ្វេសប៊ុករបស់គាត់ដោយបានបញ្ជាក់ថា “មិនថាទៅរកឈមឯណាបាន៤ផ្លោកទេ ត្រូវការបន្ទាន់ភ្លាមៗចឹងនោះ រួមទាំងរូបបង្ហូរទឹកភ្នែកផង”។ សារមូួយនេះធ្វើខ្ញុំបាទមានក្តីរន្ធត់ព្រោះមិនដឹងថាគ្រួសាររបស់ប្អូនស្រីខ្ញុំ មានរឿងអ្វីកើតឡើងនោះទេ អ្វីដែលព្រួយបារម្ភឥតឧបមានោះគឺអ្នកមានគុណទាំងទ្វេរបស់ខ្ញុំ។

កង្វល់ដែលដក់ជាក់ក្នុងអារម្មណ៍របស់ខ្ញុំដែលកំពុងបំពេញភារកិច្ច ខ្ញុំក៏លើកទូរស័ព្ទឡើងដើម្បីទូរស័ព្ទទៅសួរប្អូនស្រី ខ្ញុំ គឺម សុភាព តើមានរឿងអីកើតឡើងបានជាបង្ហោះហ្វេសប៊ុករកឈាម៤ផ្លោកជាបន្ទាន់យ៉ាងដូច្នេះ។ ប្អូនស្រីក៏បាន ឆ្លើយតបមកខ្ញុំវិញថា តម្រូវការឈាម៤ផ្លោកនោះគឺដើម្បីជួយសង្រ្គោះជីវិតឪពុកក្មេករបស់គាត់កំពុងតែស្នាក់នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងបន្ទប់សង្រ្គោះបន្ទាន់ជាន់ទី២។ ខ្ញុំហាក់បីដូចជាគិតមិនទាន់ឃើញថាត្រូវជួយតាមវិធីណា ក្នុងខណៈពេលនោះដែរកូនសម្លាញ់របស់ខ្ញុំទាំងពីរបន្ទាប់ពីទទួលដំណឹងភ្លាមៗតាមហ្វេសប៊ុកដូចខ្ញុំក៏បានទូរស័ព្ទមកសួរខ្ញុំចង់ដឹង អំពីដំណឹងដែលមិនដែលជួបប្រទៈដូចខ្ញុំដែរ ព្រោះពួកគេបារម្ភអំពីសុខទុក្ខរបស់លោកតា និងលោកយាយជាទីសក្ការៈ របស់ពួកគេ។ ខ្ញុំក៏បានតបទៅវិញថា គឺកុងរបស់ពូនី និងមីងភាពកំពុងតែសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យរុស្ស៊ី។ កូនទាំងពីររបស់ខ្ញុំគឺ​​​ កូនប្រុស គឹម សុនិរុ និងកូនស្រី គឹម សុវណ្ណនី ចង់ជិះរថយន្តមកភ្នំពេញដើម្បីធ្វើការបរិច្ឆាកឈាមរបស់ពួកគេដើម្បីជួយដល់កុង។ រីឯកូនពីរនាក់ទៀតមិនទាន់បានដឹងព័ត៌មាននេះនៅឡើយទេ ព្រោះពួកគេមិនបានឆែកហ្វេសប៊ុក។

ខ្ញុំក៏បានពិភាក្សាជាមួយប្អូនស្រីបង្កើតថាតើគួរឲ្យពួកគាត់ជិះរថយន្តមកពីខេត្តព្រះសីហនុ មករាជធានីភ្នំពេញដើម្បីផ្តល់ឈាមដែរឬទេ។ ប្អូនស្រីក៏បញ្ជាក់ថាពួកគាត់មកមិនទាន់ទេ ព្រោះគេត្រូវការឈាមជាបន្ទាន់ ម្យ៉ាងវិញទៀតក៏មានមិត្ត ព្រះធម៌របស់ប្អូនស្រីខ្ញុំបានស្ម័គ្រចិត្តបរិច្ចាកឈាម ដោយពួកគាត់អញ្ជើញមកមន្ទីរពេទ្យរុស្ស៊ីតែម្តង។

មិនបង្អង់យូរខ្ញុំក៏ទូរស័ព្ទទៅទាក់ទងអ្នករួមការងាររបស់ខ្ញុំ​ ឯកឧត្តម រ៉េត ច័ន្ទធន ជាសាកលវិទ្យាធិការរង នៃប៊ែលធី អន្តរជាតិ គាត់ក៏ឆ្លើយតបភ្លាមៗវិញថា គាត់បានជួយអ្នករួមការងារចំនួន ៤ប័ណ្ណ (៤ផ្លោក) កាលពីប៉ុន្មានថ្ងៃេនះ ក៏ប៉ុន្តែ លោកបានផ្តល់យោបល់ឲ្យខ្ញុំទូរស័ព្ទទៅលោក រស់ ប៉ារ៉ាឌី ជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ក្រែងលោកមានសល់ប័ណ្ណបរិច្ចាកឈាម។ លោក រស់ ប៉ារ៉ាឌី ក៏មានសណ្តានចិត្តល្អ លោកបានឲ្យខ្ញុំទៅយកប័ណ្ណនៅក្នុងថតតុរបស់លោក ព្រោះលោកបានអញ្ជើញមកកន្លែងការងារដូចខ្ញុំដែរ គឺនៅ The Premier Sensok Center។ ខ្ញុំក៏បានទៅសាកល


វិទ្យាល័យប៊ែលធីអន្តរជាតិដើម្បីយកប័ណ្ណផ្តល់ឈាមនៅក្នុងថតតុរបស់លោក ដោយរកឃើញប័ណ្ណចំនួន ៣សន្លឹក ដែលមានឈ្មោះ កែវ ទ្រីយ៉ា ចំនូួន ២សន្លឹក និងឈ្មោះ សុខ វិសេស សបណ្ឌិត ចំនួន ១សន្លឹក។ ដោយបន្ទាន់ពេក ខ្ញុំក៏ប្រញាប់ប្រញាល់យកប័ណ្ណនេះដើម្បីប្តូរយកឈាម ៣ផ្លោក ផ្តល់ជូនប្អូនស្រីខ្ញុំ ដើម្បីជួយដល់អ្នកមានគុណរបស់គាត់។ ប័ណ្ណទាំង៣សន្លឹកនោះគឺប្រើប្រាស់បានត្រឹមតែ ១សន្លឹកប៉ុណ្ណោះទេ រីឯ២ សន្លឹកទៀតគឺហួសកំណត់ពេល (គ្រូពេទ្យបានបញ្ជាក់) តែប័ណ្ណទាំងពីរនោះអាចប្រើប្រាស់សម្រាប់ម្ចាស់ផ្តល់ឈាម គឺមិនហួសកំណត់ទេ។ ភ្លាមៗនោះដែរ ខ្ញុំក៏បានឃើញមិត្តព្រះធម៌របស់ប្អូនស្រីខ្ញុំបានអញ្ជើញមកដើម្បីបរិច្ចាកឈាមផងដែរ។

និយាយដល់ចំណុចការផ្តល់ប័ណ្ណបរិច្ចាកឈាម ខ្ញុំពិតជាសូមគោរព និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះលោក រស់ ប៉ារ៉ាឌី និងប្អូន កែវ ទ្រីយ៉ា ដែលមានចិត្តល្អជួយមិត្តនៅពេលមានអាសន្ន។ ទឹកចិត្តនេះខ្ញុំមិនអាចបំភ្លេចបាននូវសណ្តាន ចិត្តដ៏ល្អបរិសុទ្ធរបស់លោក និងប្អូនៗចេះជួយញាតិពេលមានអាសន្ន។ ជាងនេះទៅទៀត ខ្ញុំក៏សូមគោរពនិងសរសើរ ដល់មិត្តព្រះធម៌របស់ប្អូនស្រីខ្ញុំដែលចំណាយពេលវេលាអញ្ជើញមកបរិច្ឆាកឈាម ដើម្បីសង្រ្គោះជីវិតមនុស្សនៅពេលកំពុងមានគ្រោះអាសន្ន។ 

ខ្ញុំក៏សូមបួងសួង សូមឲ្យអ្នកទាំងអស់ ទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។


No comments:

Post a Comment